ភ្នំពេញ៖ នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ក្រុមព្រះសុរិយា បានជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់មហាជនទាំងអស់អោយបានជ្រាបថា មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលតំកល់រៀបចំតាមព្រះរាជបវេណី នាវត្តបុទុមវតីរាជវរារាម ក្បែរព្រះបរមរាជវាំង ចាប់ពីវេលានេះ រហូតដល់ថ្ងៃថ្វាយព្រះភ្លើងខាងមុខនេះ។ សូមអញ្ជេីញចូលរួមដោយ ស្លៀកសំលៀកបំពាក់ កាន់ព្រះមរណទុក្ខ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានគ្រប់ៗគ្នា។”។
គួររំលឹកឡើងវិញបន្តិចផងដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុង មន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ។ ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរដល់សាលាធម្មសភា នៃវត្តបុទុមវតី ហើយ ព្រមទាំងមានកាអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បករ សិល្បការិនី បានមកចូលរួមយ៉ាងច្រើនកុះករ លាយឡំជាមួយទឹកមុខ យ៉ាងស្រងួតស្រងាត់ បំផុត៕