ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន បានថ្វាយព្រះរាជសាររំលែកទុក្ខ ចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់មាតុភូមិវិញកាលពីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រះសពទ្រង់ ក៏ត្រូវបានយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។

ទន្ទឹមនឹងនេះដែរ នាខណៈថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានថ្វាយព្រះរាជសាររំលែកទុក្ខ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះទេព មហាចក្រី សុីរិនថន

បានថ្វាយកម្រងផ្កាថ្វាយព្រះសព តាមរយៈ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។

គូសបញ្ជាក់ផងដែរថា ចំពោះការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។

Related posts

Leave a Comment