ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFAលោក Gianni Infantino ចង់បង្កើនចំនួនក្រុមចូលរួមព្រឹត្តការណ៍ Women’s World Cup ឡើងដល់៣២ក្រុម ពី២៤ក្រុម សម្រាប់ព្រឹត្តការណ៍បន្ទាប់នៅក្នុងឆ្នាំ២០២៣ ហើយក្នុងនោះប្រាក់រង្វន់នឹងកើនឡើងទ្វេដងដែររហូតដល់ទៅ៦០លានដុល្លារ។
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s World Cup នាថ្ងៃអាទិត្យរវាងក្រុមគ្រងតំណែងជើងឯកសហរដ្ឋអាមេរិក និងក្រុមកីឡាការិនីហូឡង់ លោក Infantino បាននិយាយថា លោកនឹងដាក់សំណើរនេះទៅកាន់ក្រុមប្រឹក្សា FIFA និងសមាគមជាសមាជិកឲ្យឯកភាពលើគម្រោងមួយនេះ។
លោកបាននិយាយប្រាប់សន្និសីទកាសែតថា លោកចង់បង្កើនចំនួនក្រុមនៅការប្រកួតមួយនេះដល់៣២ក្រុម។ លោកបន្តថា យើងនឹងឆាប់ធ្វើវា ដើម្បីសម្រេចចិត្តថាតើ យើងនឹងបង្កើនចំនួនក្រុមដែរឬអត់នៅក្នុងឆ្នាំ២០២៣។ បើសិនជាយើងធ្វើបែបហ្នឹង យើងនឹងបើកឡើងវិញនូវដំណើរការដេញថ្លៃ ដើម្បីអនុញ្ញាតឲ្យអ្នករាល់គ្នាមានឱកាសធ្វើជាប្រទេសម្ចាស់ផ្ទះ។ គ្មានអ្វីៗដែលថាវាមិនអាចទៅរួចនោះទេ។
សូមបញ្ជាក់ថា ឱសានវាទសម្រាប់ការដាក់ឯកសារដេញថ្លៃធ្វើម្ចាស់ព្រឹត្តការណ៍ Women’s World Cup បានដល់កាលពីខែមេសា ក្នុងនោះប្រទេសម្ចាស់ផ្ទះ នឹងត្រូវប្រកាសឲ្យដឹងនៅខែមីនា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សា FIFA ប៉ុន្តែបើសិនជាមានការផ្លាស់ប្តូរចំនួនក្រុមមែននោះ វាមានន័យថា ដំណើរការនៃការដេញថ្លៃនេះ នឹងត្រូវប្រើពេលយូរជាងនេះ៕