លោកឧកញ៉ា ឡេង ណាវ៉ាត្រា៖ បាននិយាយរៀបរាប់ 4ឆ្នាំ10ខែធ្វើការនៅកូរ៉េ ទទួលការលត់ដំខ្លួន សន្សំលុយធ្វើដើមទុន រហូតអាចបង្កើតគម្រោងធំៗជាច្រើន លើវិស័យអចលនទ្រព្យ

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំតែរូបលោកមានថ្ងៃនេះ គឺមានការតស៊ូជាខ្លាំង និងបានឆ្លងកាត់នូវឧបសគ្គ និង រឿងរ៉ាវជាច្រើន ប៉ុន្ដែក្រោយពីលោកក្លាយទៅជាឧកញ៉ាហេីយនោះ ក៏លោកមិនដែលភ្លេចដើមកំណើតខ្លួនឯងនោះទេ ដោយតែងតែចេញមុខធ្វើអំពើមនុស្សធម៌ជាច្រើន ជួយដល់ចាស់ជរាក៏ដូចជាកសាងផ្លូវជូនប្រជាពលរដ្ឋជាដេីមនោះ។

យ៉ាងណាមិញ បន្ទាប់ពីលោកឧកញ៉ា ទទួលបានភាពជោគជ័យ យ៉ាងខ្លាំងចំពោះមុខជំនួញរបស់ខ្លួនមក ស្រាប់តែកាលពីព្រឹកមិញនេះ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារមួយឃ្លា ដោយបានសរសេររៀបរាប់ប្រាប់ឱ្យដឹងពីជីវិតតស៊ូរបស់ខ្លួនដោយមានខ្លឹមសារថា៖

“៤ឆ្នាំ ១០ខែធ្វើការនៅកូរ៉េ គឺជាពេលវេលាការចាប់ឱកាសដំបូងរបស់ខ្ញុំដែលទទួលការ លត់ដំខ្លួន សន្សំលុយធ្វើដើមទុន និងរៀនសូត្រវិជ្ជាជីវៈបច្ចេកវិទ្យាផ្សេងៗតាមរយៈសមាគម និងអង្គការ ដែលមកដល់ពេលនេះខ្ញុំអាចបង្កើតគម្រោងធំៗជាច្រើនលើវិស័យ អចលនទ្រព្យបាន ដូចជាការអភិវឌ្ឍន៍គម្រោងទីក្រុង រណប ខុនដូ បុរី ដីឡូតិ៍ ហើយកំពុងពង្រីកបន្ថែមទៅលើការវិនិយោគ លើវិស័យកសិកម្ម ទេចរណ៍ រោងចក្រកែឆ្នៃ និងវិស័យសិល្បៈ។

សមិទ្ធិផលទាំងអស់នេះពិតជាកម្លាំងញើសឈាមខ្ញុំផ្ទាល់ ពិតប្រាកដមែន ខ្ញុំចង់ប្រាប់ទៅបងប្អូនពលករថាយើងទាំងអស់គ្នាអាចធ្វើបាន បងប្អូនត្រូវតែប្រឹងប្រែងតស៊ូ។ សម្រាប់មតិបងប្អូនខ្លះនិយាយថារូបខ្ញុំបានលុយពីថ្នាក់ដឹកនាំមកធ្វើដើមទុននោះ ខ្ញុំសូមយកជីវិតដូរជាថ្នូរប្រសិនបើខ្ញុំបានទទួលលុយចាប់ពី ១$ឡើងទៅពីថ្នាក់ដឹកនាំមកធ្វើជាដើមទុនប្រកបអាជីវកម្ម។

សូមមេត្តាបងប្អូនកុំមានការយល់ច្រឡំ ក៏ប៉ុន្ដែមុខរបរទាំងអស់នេះទោះបីទទួលបានពីកម្លាំងញើសឈាមខ្ញុំផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនអាចបំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់ លោកឪពុកទាំង២ បានដែរ។ លោកឪពុកទី1គឺឪពុកបង្កើតឲ្យខ្ញុំមានជីវិត។ លោកឪពុកទី2គឺជាលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាពសង្គម និងរក្សារអាយុជីវិតគ្រួសាខ្ញុំទើបខ្ញុំមានជីវិត និងឱកាសដូចសព្វថ្ងៃនេះ។ បើគ្មានលោកពុកទាំងពីរទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ពេលនេះខ្ញុំបាទ បានសងគុណលោកពុកទី១ហើយ នៅឡើយតែលោកពុកទី២ទេ។ ផ្ទុយទៅវិញពេលនេះខ្ញុំពិតជាមានការសោកស្ដាយនិងនៅតែចងចាំនៅស្រមោលអតីតកាល ដែលខ្ញុំជាក្មេងល្ងង់ និងជាក្មេងដែលមិនល្អ ដែលហ៊ានច្រៀងចម្រៀងមិនសមរម្យទៅលើលោកឪពុកដែលបានបង្កើតនូវសុខសន្តិភាព ស្ថេរភាព និងរក្សារជីវិតគ្រួសាររបស់ខ្លួនឯងសោះ

ដោយពេលនោះខ្លួនឯងជាកម្មករនិងជាសិល្បៈម្នាក់នៅកូរ៉េ មិនបានយល់នូវអ្វីជានយោបាយនោះទេ ហើយបច្ចុប្បន្នខ្ញុំនៅតែមានអារម្មណ៍ស្នាមប្រឡាក់មិនទាន់លុបជ្រះនៅឡើយនោះទេក្នុងចិត្តខ្ញុំ ទោះបីលោកមានក្តីសណ្ដោសប្រណីខ្ញុំក៏ដោយ តែខ្ញុំនៅតែមានវិប្បដិសារី។ ដូចច្នេះខ្ញុំសូមផ្ញើបទពិសោធន៍នេះឲ្យបងប្អូននៅកូរ៉េ សូមកុំធ្វើអ្វីជាកំហុសហួសហេតុដែលបង្កការស្ដាយក្រោយលុបមិនជ្រះនៅក្នុងចិត្ត ដូចរូបខ្ញុំ។ លោកពុកទី2របស់យើង គឺឪពុកបង្កើតនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឈន៍ បើគ្មានសន្តិភាពកុំថាឡើយឱកាសបានធ្វើការនៅកូរ៉េ សូម្បីតែជីវិតក៏មិនអាចរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះដែរ។ សូមគោរពបងប្អូនចូលរួមទទួល សម្ដេច អគ្គសេនាតេជោ ហ៊ុន សែន និងអញ្ចើញទៅកូរ៉េ ថ្ងៃទី24ខែ11នេះហើយ។ បងប្អូនដែលចង់ចូលរួមអាចទាក់ទងខ្ញុំបានខ្ញុំក៏ចូលរួមដែរក្នុងនាមជាអតីតពលករនៅកូរ៉េ។ បងប្អូនដែលចង់ចូលរួមសូមទំនាក់ទំនងមកកាន់លេខ៖ 010-4447-7168/010-5129-1975”៕

Related posts

Leave a Comment