ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ជាថ្ងៃកាន់ទុក្ខទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងសោយព្រះពិរាល័យបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីជាការរម្លឹកដល់ព្រះគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា ជាពិសេសលើផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់ព្រះរាជវង្សានុវង្សផងដែរ។
ក្នុងនោះផងដែរ តាមកន្លែងផ្សេង មានការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ក្នុងទឹកមុខយ៉ាងក្រៀមក្រំបំផុត។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកលោក Sovanna Kem បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីមួយឲ្យដឹងថា៖
“ពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ឋីឯក នៅសាលាមធ្យមវិចិត្រសិល្ប: វេលាម៉ោង៨:០០ នាទីព្រឹកមិញ នាសាលរាំចាន់ឆាយ៉ា ក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្ប:។”៕