ឯកឧត្តម គួច ចំរើនមានប្រសាសន៍ថា៖ ពូពិតជាមោទកភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យ ជាពិសេសខេត្តព្រះសីហនុ ទទួលបាននិទ្ទេស A ចំនួន…

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ខាង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយឲ្យដឹងថា “អបអរសាទរ! បេក្ខជនទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ជាប់ចំនួន ៦៨.៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧.០៧%”។ ខាងក្រសួង ក៏បានបន្តទៀតថា “លទ្ធផលបាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប ៦៨.៦២% A: 443 នាក់ B: 2430 នាក់ C: 5847 នាក់ D: 14100 នាក់ និង E: 56232 នាក់”។

ក្នុងថ្ងៃដដែលនេះ គេក៏បានឃើញ ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសាររំភើបចិត្តមួយផងដែរថា “ពូពិតជាមោទកភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ជាពិសេសខេត្តព្រះសីហនុទទួលបាននិទ្ទេសAចំនួន១៣នាក់។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗទាំងអស់គ្នារហូតទទួលបានជោគជ័យនាថ្ងៃនេះ។ ពូសូមឱ្យក្មួយៗបន្តកិច្ចខំប្រឹងប្រែងសិក្សាតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ។”។

Related posts

Leave a Comment