នេះជាទិដ្ឋភាព សិល្បករ បានមកចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក

ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយ កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រះសពទ្រង់ ក៏ត្រូវបានយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។

ចំពោះការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតនេះ ដែលសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ ប្រជាពលរដ្ឋទូទាំងប្រទេសបានសម្ដែងពីទុក្ខ ដ៏សែនក្រៀមក្រំ ចំពោះការបាត់បង់ព្រះរាជមាតាវប្បធម៍ជាតិខ្មែរ ជាទីក្រៃលែង។

ក្នុងនោះដែរ ក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតី យើងឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ សិល្បករ សិល្បការិនី ដែលមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង ឌួង សូលីដា កញ្ញា ដួង ម៉ានិច ក្រោមទឹកមុខសោកសង្រេង។ ជាមួយគ្នានេះដែរ អ្នកនាង ឌួង សូលីដា ក៏បានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារថា៖”ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ទទួលព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក សូមថ្វាយមហាព្រះរាជកុសល សោកស្តាយសំរាប់ការបាត់បង់លោក”។

គូសបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”។

Related posts

Leave a Comment