ក្តៅៗ ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានដង្ហែរមកដល់រាជធានីភ្នំពេញហើយ

ការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្រៀមក្រំជាទីបំផុតនេះ ដែលសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ ប្រជាពលរដ្ឋទូទាំងប្រទេសបានសម្ដែងពីទុក្ខ ដ៏សែនក្រៀមក្រំ ចំពោះការបាត់បង់ព្រះរាជមាតាវប្បធម៍ជាតិខ្មែរ ជាទីក្រៃលែង។

ទន្ទឹមនឹងនេះដែរ នាខណៈពេលនេះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ រួចទ្រង់នឹងយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។

គូសបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”។

Related posts

Leave a Comment